សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181

Friday, May 28, 2021

សម្ដេចប្រធានរដ្ឋសភា បានប្រគល់រថយន្តសង្រ្គោះបន្ទាន់មួយគ្រឿង ដល់មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

KKK




រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨​ ខែឧសភា​នេះ ដើម្បីឆ្លើយតបតម្រូវការខាងវិស័យសុខាភិបាលនៅក្នុងខេត្ត ពិសេសក្នុងគ្រានៃការរីករាលដាលវីរុសកូវីដ-១៩នេះ។

ក្នុងពិធីប្រគល់ជូនរថយន្តសង្រ្គោះបន្ទាន់ដល់មន្ទីរពេទ្យបង្អែក ដែលរៀបចំធ្វើនៅគេហដ្ឋានផ្ទាល់របស់សម្តេច ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសា សន៍លើកឡើងថា រថយន្តសង្គ្រោះបន្ទាន់មានសារសំ ខាន់ណាស់ សម្រាប់ដឹក ជញ្ជូនប្រជាពលរដ្ឋ ដែលមានជំងឺ និងរងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសការដឹកជញ្ជូនពល រដ្ឋដែលបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ ឲ្យបានទាន់ ពេលវេលា ទៅព្យាបាលនៅមន្ទីរពេទ្យ។

សម្តេចបានថ្លែងអំណរគុណ និងកោតសរសើរជាទីបំផុត ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ពិសេសក្រុមគ្រូពេទ្យ កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅក្នុងការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងពីជំងឺកូវីដ-១៩​ និងវិធានការការពារនានា ពិសេសការយកចិត្តទុកដាក់ដល់ការព្យាបាលអ្នកជំងឺ ការថែទំាសុខភាពប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័កដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តន៍រាល់វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយមិនត្រូវធ្វេសប្រហែសឡើយ ពីព្រោះជំងឺកូវីដ-១៩ នៅតែគំរាម កំហែងសង្គមជាតិខ្លាំងក្លានៅឡើយ។ ពិសេស ការ អនុវត្តតាមវិធានច្បាប់និងវិធានសុខាភិបាល “៣ការពារ និង ៣កុំ” ឲ្យបានខ្ជាប់ខ្ជួន ជាមួយនឹងការទៅទទួលវ៉ាក់សំាងដោយឥតគិតថ្លៃដែលរាជរដ្ឋាភិបាលកំពុងផ្តល់ជូន ដើម្បីជាមធ្យោបាយដ៏មាន ប្រសិទ្ធភាពខ្ពស់បំផុត ដែលអាចឲ្យគ្រប់គ្នាគេចផុតពីជំងឺដ៏កាចសាហាវនេះ។

ប្រជាពលរដ្ឋ អាជ្ញាធរខេត្តត្បូងឃ្មុំ ជាពិសេសមន្រ្តីសុខាភិបាលស្រុកពញាក្រែកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋ សភានាពេលនេះ ថាពិតជាមានសារសំខាន់នៅក្នុងការជួយសង្រ្គោះអាយុជីវិតប្រជា ពលរដ្ឋនៅគ្រាមានអាសន្ន និងបានឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការក្នុងកាលៈទេសៈដែលជំងឺកូវីដ- ១៩ កំពុងរាតត្បាតនេះ។

អាជ្ញាធរបានលើកឡើងថា​ កន្លងមក សម្តេចប្រធានរដ្ឋ សភានិងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង​ សំរិន តែងតែស្ថិតនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ​ និងតែងតែជួយដោះស្រាយរាល់តម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ​ មិនថានៅក្នុងវិស័យសុខាភិ បាល អប់រំ កសិកម្ម ធារាសាស្រ្តនិងផ្លូវគមនាគមន៍នោះទេ៕

 វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៨ ០៥ ២០២១


0 Comment:

Post a Comment