សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181

Wednesday, December 2, 2020

ក្រោយចុះចតជោគជ័យ យាន Chang'e-5 របស់ចិន ចាប់ផ្តើមប្រមូលយកគំរូតាងពីលើផ្ទៃព្រះច័ន្ទ ដើម្បីត្រៀមយកមកផែនដីវិញ

KKK



(ប៉េកាំង)៖ ទីភ្នាក់ងារអវកាសចិន CNSA បានប្រកាសនាថ្ងៃពុធនេះថា បេសកកម្ម Chang'e-5 របស់ចិន បានចាប់ផ្តើមការប្រមូលយកគំរូតាង (កម្ទេចដីឬថ្ម) ពីលើផ្ទៃព្រះច័ន្ទហើយ បន្ទាប់ពីចុះចតនៅទីនោះដោយជោគជ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។

ទីភ្នាក់ងារ CNSA បានប្រាប់ថា យានចុះចតរបស់បេសកកម្ម Chang'e-5 បានធ្វើការខួងនិងប្រមូលយកគំរូតាងពីក្នុងផ្ទៃព្រះច័ន្ទ កាលពីវេលា០៤៖៥៣នាទីទាបភ្លឺថ្ងៃពុធនេះ ហើយអ្វីៗបានប្រព្រឹត្តទៅតាមការគ្រោងទុកទាំងអស់រហូតមកទល់ពេលនេះ។ វាបានចុះចតនៅកន្លែងទីទួលមួយហៅថា រ៉ាមឃើ (Rumker) ស្ថិតក្នុងតំបន់អូសិនណឹស ប្រូសែលឡារ៉ាម (Oceanus Procellarum) ដែលនៅភាគពាយព្យនៃចំហៀងផ្ទៃព្រះច័ន្ទ ដែលបែរមករកផែនដីជាប់ជានិច្ច ហៅថា Near Side ផ្ទុយពីចំហៀងម្ខាងទៀតហៅថា Far Side ឬ Dark Side។

គួរបញ្ជាក់ថា បេសកកម្មនេះប្រើប្រាស់វិធីសាស្រ្តពីរបែប ដើម្បីប្រមូលយកគំរូតាងពីផ្ទៃព្រះច័ន្ទ រួមមានការខួបយកពីខាងក្នុងដី និងការប្រមូលគំរូតាងដែលនៅលើផ្ទៃដីផ្ទាល់ តាមរយៈដៃយន្តមួយ។ ដើម្បីបញ្ជូនមកកាន់ផែនដីវិញ យានសម្រាប់ហោះឡើងហៅថា Ascender ដែលបានចុះទៅជាមួយយានចុះចតដែលហៅថា Lander នឹងនាំយកគំរូតាងទាំងនោះឡើងទៅឲ្យយានជាផ្កាយរណបហៅថា Orbiter ដែលនៅរង់ចាំក្នុងទីអវកាស។ ចុងបញ្ចប់ យាន Orbiter នឹងផ្ទេរយកគំរូតាងមកកាន់ខ្លួន ហើយធ្វើដំណើរឆ្ពោះមកផែនដី រួចទម្លាក់គំរូតាងចុះមក តាមរយៈយានមួយផ្សេងទៀតហៅថា Return Capsule។ នេះជាបេសកកម្មដំបូងបំផុតសម្រាប់ប្រទេសចិន នៃការទៅប្រមូលយកគំរូតាងពីទីឋានដទៃមកកាន់ផែនដីវិញ៕


Read more

Tuesday, December 1, 2020

សហរដ្ឋអាមេរិក នឹងផ្ដល់រង្វាន់ ៥លានដុល្លារ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការបំពានទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង

KKK



(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចោទប្រកាន់ជាថ្មីចិន ថាបានបំពានកាតព្វកិច្ចរបស់ខ្លួនឯង ក្នុងការអនុវត្តទណ្ឌកម្មអន្តរជាតិប្រឆាំងកូរ៉េខាងជើង ហើយសន្យានឹងផ្ដល់ប្រាក់រង្វាន់ ៥លានដុល្លារ សម្រាប់ការផ្ដល់ព័ត៌មានទាំងឡាយណា ពាក់ព័ន្ធនឹងការរំលោភបំពានការដាក់ទណ្ឌកម្ម លើទីក្រុងព្យុងយ៉ាង។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។

ថ្លែងបា្រប់មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន ឧបការីរងនៃរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការ កូរ៉េខាងជើង លោក Alex Wong បានចោទប្រកាន់ចិនត្រង់ៗថា មិនបានប្រឹងប្រែងអនុវត្តការដាក់ទណ្ឌកម្មក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីបញ្ចុះបញ្ចូលឱ្យទីក្រុង ព្យុងយ៉ាង បោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ។ លោក Wong បន្តទៀតថា ចិននៅតែបន្តទទួលយកពលករកូរ៉េខាងជើងយ៉ាងហោច ២០,០០០នាក់ ហើយកាលពីប៉ុន្មានឆ្នាំ កន្លងទៅនេះ សហរដ្ឋអាមេរិក បានសង្កេតឃើញថាកប៉ាល់ជាច្រើន បានដឹកធ្យូងថ្ម និងទំនិញជាប់ទណ្ឌកម្មជាច្រើន ពីកូរ៉េខាងជើងទៅកាន់ប្រទេសចិន ដែលនេះជាទង្វើបំពាន លើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា បើតាមលោក Wong ចិន ក៏បានជួយកូរ៉េខាងជើងផងដែរ ក្នុងការលាងលុយកខ្វក់ដែលបានមកពីការវាយប្រហារព័ត៌មានវិទ្យា ឬ Hack យកទៅផ្គត់ផ្គង់កម្មវិធីអាវុធ នុយក្លេអ៊ែរនៃប្រទេសឯកោបំផុតក្នុងលោកមួយនេះ។ ដូច្នេះ ដើម្បីពង្រឹងការអនុវត្តទណ្ឌកម្មអន្តជាតិ ក្រសួងការបរទេសអាមេរិក បានបង្កើតគេហទំព័រថ្មីមួយដែលអនុញ្ញាតឱ្យ មនុស្សគ្រប់រូប ផ្ដល់ព័ត៌មានទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងការរំលោភបំពានលើការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ជាថ្នូរនឹងប្រាក់រង្វាន់៥លានដុល្លារ៕


Read more

លោក ដូណាល់ ត្រាំ៖ ខ្ញុំនឹងជួបអ្នកទាំងអស់គ្នាម្ដងទៀត នៅបួនឆ្នាំក្រោយ

KKK



(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយលេងសើចថាលោកនឹងចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីសាជាថ្មី នៅឆ្នាំ២០២៤ ខណៈមកទល់នឹងពេលនេះ លោកនៅតែប្រកាន់ជំហរដដែលជុំវិញការលួចបន្លំសន្លឹកឆ្នោត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើ នៅឯពិធីជប់លៀងត្រៀមស្វាគមន៍បុណ្យណូអែល នៅឯសេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដែលនេះ ប្រហែលជាពិធីជប់លៀងលើកចុងក្រោយ មុននឹងលោកត្រូវចាកចេញពីសេតវិមាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ លោក ត្រាំ បានលើកឡើងនៅចំពោះមុខអ្នកចូលរួម ដូច្នេះថា៖ «វាពិតជាអស្ចារ្យណាស់ ក្នុងរយៈពេលបួនឆ្នាំមកនេះ។ យើងនឹងព្យាយាមធ្វើវាម្ដងទៀតនៅបួនឆ្នាំក្រោយ ដូច្នេះខ្ញុំនឹងបានជួបអ្នកទាំងអស់គ្នាម្ដងទៀត នៅបួនឆ្នាំក្រោយ»។

យ៉ាងណាក៏ដោយ នៅក្នុងពិធីដែលគេសង្កេតឃើញថាមិនមានការអនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការទប់ស្កាត់ COVID-19 លោក ដូណាល់ ត្រាំ នៅតែប្រកាន់ជំហរដដែលថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ មានការលួចបន្លំសន្លឹកឆ្នោត។ «ជាការពិតណាស់ វាជាឆ្នាំមួយមិនប្រក្រតី។ យើងបានឈ្នះការបោះឆ្នោត តែពួកគេមិនពេញចិត្ត។ ខ្ញុំហៅវាថាការបោះឆ្នោតមានការលួចបន្លំ ហើយខ្ញុំនឹងនៅតែហៅវាបែបនេះ»។ នេះជាការលើកឡើងរបស់លោក ត្រាំ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក លោក Bill Barr នៅថ្ងៃអង្គារសប្ដាហ៍នេះដែរ បាននិយាយថា ក្រសួងយុត្តិធម៌របស់លោករកមិនឃើញភស្ដុតាងណាមួយ បញ្ជាក់ថាមានការលួចបន្លំសន្លឹកឆ្នោតឡើយ ហើយក៏មិនអាចកែប្រែបរាជ័យរបស់លោក ដូណាល់ ត្រាំ ឬជ័យជម្នះរបស់លោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា កន្លងទៅនោះដែរ៕


Read more

សម្តេចក្រឡាហោម ស ខេង ណែនាំឲ្យរឹតបន្តឹងអនុវត្តន៍ច្បាប់ ករណីល្មើសការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ចិញ្ចើមផ្លូវ

KKK



(ភ្នំពេញ)៖
 សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រាប់ឲ្យរឹតបន្តឹងអនុវត្តច្បាប់ ចំពោះករណីល្មើសក្នុងការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ចិញ្ចើមផ្លូវ ដោយគ្មានការអនុញ្ញាត។

យោងតាមសេចក្តីណែនាំ របស់សម្តេច ស ខេង ស្តីពីវិធានការបង្ការ និងទប់ស្កាត់ កំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបញ្ជាក់យ៉ាងដូច្នេះថា «បង្កើនការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យមានរបៀបរៀបរយ ដោយធ្វើការរឹតបន្តឹងអនុវត្តច្បាប់ ចំពោះករណីល្មើសក្នុងការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ចិញ្ចើមផ្លូវ ដោយគ្មានការអនុញ្ញាត»។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ថែមទាំងបានណែនាំ ត្រូវយកចិត្តទុកដាក់ដោះស្រាយ ការកកស្ទះចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

បើតាមសម្តេច ស ខេង, ការរឹតបន្តឹងអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ដោយក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២០ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៧៧៨លើក ស្មើ២៣% អ្នកស្លាប់បានថយចុះ ចំនួន២៨៨នាក់ ស្មើ១៧% និងអ្នករបួសថយចុះ ១២០៧នាក់ ស្មើ២៣% បើប្រៀបធៀបរយៈពេលដូចគ្នា នាឆ្នាំ២០១៩។

សម្តេច ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីយកចិត្តទុកដាក់ បំពេញភារកិច្ចដ៏ថ្លៃថ្លា ប្រកបដោយស្មារតីទទួលខុសត្រូវ របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណការ និងដឹកជញ្ជូន និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការត្រួតពិនិត្យ រឹតបន្តឹងអនុវត្តន៍ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងការផ្សព្វផ្សាយអប់រំច្បាប់ ដែលបាននាំឲ្យទទួលបានលទ្ធផលជាវិជ្ជមាន។

សម្តេចក្រឡាហោម បានលើកឡើងថា ទោះបីស្ថានភាពចរាចរណ៍ផ្លូវគោក ហាក់មានភាពប្រសើជាងមុនក្តី ក៏ប៉ុន្តែគេពិនិត្យឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែបង្កហានីភ័យខ្ពស់ ធៀបទៅនឹងគ្រោះថ្នាក់សង្គមនានា ដែលបណ្តាលឲ្យបាត់បង់ជីវិត រងរបួសខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់ជីវភាព នៃគ្រួសាររងគ្រោះជាច្រើននាក់ផងដែរ។

ដូចនេះដើម្បីកាត់បន្ថយហានីភ័យនេះ និងដើម្បីជំរុញការរក្សា សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឲ្យកាន់តែល្អប្រសើរថែមទៀត សម្តេច ស ខេង បានដាក់ចេញវិធានការបង្ការ និងទប់ស្កាត់កំណើន នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម៖

១៖ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានីខេត្ត ត្រូវជំរុញចាត់វិធានការដូចតទៅ៖

* បង្កើនការរឹតបន្តឹងអនុវត្តន៍ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក តាមផែនការសកម្មភាព ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ របស់អនុគណៈកម្មការទី២ និងតាមបទពិសោធន៍ជាក់ស្តែង ដោយផ្តោយលើមុខសញ្ញាបង្កគ្រោះថ្នាក់ មូលហេតុនាំឲ្យមានគ្រោះថ្នាក់ ពេលវេលា និងទីកន្លែងដែលកើតឡើង នូវហេតុការណ៍គ្រោះថ្នាក់ ដើម្បីដាក់ចេញនូវវិធានការឲ្យបានសមស្រប និងមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ត្រូវចាត់ស្រាវជ្រាវ តាមចាប់ឲ្យបាននូវជនបង្ក គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលរត់គេចខ្លួន ដើម្បីបញ្ជូនទៅតុលាការ និងត្រូវចែករំលែកព័ត៌មានសាវតារជាតិ របស់ជនបង្ក ដែលរត់គេចខ្លួន ជូនដល់គ្រប់ក្រុមហ៊ុន សហគ្រាសទាំងរដ្ឋ និងឯកជនដែលពាក់ព័ន្ធ ឲ្យបានជ្រាប និងចូលរួមសហការ

* បង្កើនការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យមានរបៀបរៀបរយ ដោយធ្វើការរឹតបន្តឹងអនុវត្តច្បាប់ ចំពោះករណីល្មើសក្នុងការចតយានយន្ត ការមិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និងការប្រើប្រាស់ចិញ្ចើមផ្លូវ ដោយគ្មានការអនុញ្ញាត។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ដោះស្រាយ ការកកស្ទះចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត

* បង្កើនការផ្សព្វផ្សាយអប់រំ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានកាន់តែទំលំទូលាយថែមទៀត

* ត្រូវពង្រឹងថែមទៀតនូវប្រព័ន្ធសង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក អំពីយន្តការមធ្យោបាយ និងការទំនាក់ទំនងព័ត៌មាន សំដៅធ្វើការសង្គ្រោះ ប្រកបដោយជំនាញវិជ្ជាជីវៈ និងបានឆាប់ទាន់ពេលវេលា

* ត្រូវយកចិត្តទុកដាក់អនុវត្តន៍ចលនាប្រឡងប្រណាំ «តំបន់ពិសេសនៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដែលបានចែងក្នុងសេចក្តីណែនាំចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។ ដើម្បីជំរុញចលនានេះ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវចាត់តាំងក្រុមការងារចុះត្រួតពិនិត្យ និងផ្តើមស្នើការវាយតម្លៃ លើកសរសើរដល់អង្គភាព និងបុគ្គល ដែលមានស្នាដៃ ក្នុងការបំពេញភារកិច្ចក្នុងឆ្នាំ២០២០

* ត្រូវខិតខំពង្រឹងវិន័យ សីលធម៌ គុណធម៌ និងមនសិការវិជ្ជាជីវៈ រួមទាំងការបន្តលើកទឹកចិត្ត ដល់កងកម្លាំងមានសមត្ថកិច្ច អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានជាប់ជាប្រចាំ។

២៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងសហគ្រាសសាធារណៈ ត្រូវយកចិត្តទុកដាក់អនុវត្តន៍សេចក្តីណែនាំចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្តីពីការជំរុញការអប់រំផ្សព្វផ្សាយ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ដល់មន្ត្រីរាជការ និយោជិត ក្រោមឱវាទក្រសួងស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យមានស្មារតីគំរូ ក្នុងការគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវបង្កើនកម្មវិធីអប់រំ ផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ឲ្យបានទៀងទាត់ យ៉ាងតិចមួយត្រីមាសម្តង ក្នុងការបញ្ចូលខ្លឹមសារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងបទបញ្ជាផ្ទៃក្នុង និងត្រូវធ្វើរបាយការណ៍ប្រចាំឆ្នាំ២០២០ និងរបាយការណ៍ប្រចាំខែក្នុងឆ្នាំ២០២១ ខាងមុខនេះ អំពីសកម្មភាពអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឲ្យបានទៀងទាត់ ជូនទៅគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕


Read more

លោក ឃួង ស្រេង ថ្លែងអរគុណសម្ដេចតេជោ ហ៊ុន សែន ដែលផ្ដល់អំណោយម៉ាសជាលើកទី២ ចំនួន១លានម៉ាស សម្រាប់ចែកជូនពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដើម្បីការពារជំងឺកូវីដ-១៩

KKK

 


សម្ដេចតេជោ ហ៊ុន សែន បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ជូនសាធារណជនឲ្យបានជ្រាបថា សម្តេចសម្រេចបញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត, ដោយក្នុងនោះមួយលានសម្រាប់រាជធានីភ្នំពេញ និងមួយលានទៀតសម្រាប់ខេត្តសៀមរាប ដើម្បីចូលរួមប្រើប្រាស់ជាបន្ទាន់ ក្នុងការជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ថ្លែងតាមរយៈបណ្ដាញព័ត៌មាន Fresh News លោក ឃួង ស្រេង ក្នុងនាមកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់អំណោយម៉ាសចំនួន១លានម៉ាស ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកបន្ដជូនប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានទុកថា កាយវិការនេះបានបង្ហាញឲ្យឃើញអំពីការយកចិត្តទុក្ខដាក់ខ្ពស់បំផុតពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ មកលើប្រជាពលរដ្ឋ ខណៈប្រទេសកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រឈមខ្លាំងជាមួយជំងឺកូវីដ-១៩ ពិសេសក្រោយកម្ពុជាផ្ទុះនូវការឆ្លងជំងឺនេះចូលសហគមន៍ជាលើកដំបូង ដែលត្រូវបានហៅថាជាព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។

សូមរំលឹកថា ការបញ្ចេញម៉ាសចំនួន២លាន (លើកទី២) សម្រាប់រាជធានីភ្នំពេញ ១លានម៉ាស និងខេត្តសៀមរាប ១លានម៉ាស នៅពេលនេះ គឺជាការបន្ថែមដែលកាលពីមុនបានបញ្ចេញចំនួន២លានម៉ាស ម្តងរួចមកហើយ សម្រាប់រាជធានីភ្នំពេញ។

គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៩នាក់ (ស្រី ៧៤នាក់ និងបុរស ២៥៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៥នាក់៕


Read more